ភ្នំពេញ៖ ពាក់ព័ន្ធនឹងអំពើហឹង្សារបស់ក្រុមក្មេងសិស្សសាលា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ក្នុងនោះមាន ២នាក់ ជាជនដៃដល់ និង៣នាក់ទៀតជាអ្នកសំគំនិត។ សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យទាំង ៥នាក់ ត្រូវអនុវត្តតាមវិធានការណ៍ច្បាប់គឺមិនមានការអប់រំនោះទេ។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ថា ការចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនបង្កទាំង ៥នាក់នេះ ក៏ជាសារមួយរំឭកដល់យុវជនដែលនាំឱ្យខ្លួនក្លាយជាក្មេងទំនើង មានអំពើហឹង្សាឱ្យមានការប្រុងប្រយ័ត្ន និងត្រូវរក្សាខ្លួនឱ្យក្លាយជាយុវជនល្អ ដើម្បីធ្ចើជាទំពាំងស្នងឫស្សីក្នុងកិច្ចការងារចូលរួមការកសាងប្រទេសជាតិកុំឱ្យធ្លាក់ខ្លួនជាជនបង្កហឹង្សាដូចករណីខាងលើនេះ។
កិច្ចការងានេះដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញឱ្យចាត់វិធានការណនាំខ្លួនក្មេងទំនើងទាំង៥នាក់នោះមកអនុវត្តតាមនិតិវិធីច្បាប់។ អ្វីដែលជាប្តេជ្ញាដាក់ចេញនៅបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ជួន ណារិន្ទ គឺនៅតែបន្តអនុវត្តរឹតបន្តឹងចំពោះក្មេងទំនើងដែលបង្កហឹង្សានៅតាមទីសាធារណៈដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។
ជាមួយគ្នានោះផងដែរសមត្ថកិច្ច ក៏បានអំពាវនាវដល់អាណាព្យាបាល មេត្តាយកចិត្តទុកដាក់មើលថែទាំកូនឱ្យបានដឹតដល់ដើម្បីកុំឱ្យកូនដើរលេងសេពគប់មិត្តភក្រ្តមិនល្អក្លាយទៅជាក្មេងទំនើងបង្កបញ្ហាអសន្តិសុខផ្សេងៗជាហេតុនាំឱ្យប្រឈមចំពោះមុខច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ត្រូវចោទប្រកាន់ពីបទអំពើហឹង្សាដោយចេតនា និងត្រូវចាត់ការតាមនិតិវិធីច្បាប់៕