សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត វាយតម្លៃថា រឿងរ៉ាវតូច មិនអាចក្លាយជាធំបាននោះឡើយ បើមានការនិយាយគ្នាច្បាស់លាស់។ ឆ្លៀតក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង២៥០០នាក់នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ នេះ សម្តេចបាននិយាយយ៉ាងខ្លីទាក់ទងនឹងករណីដែលមានការជជែកខ្លាំងក្នុងបណ្តាញសង្គមនារយៈពេលចុងក្រោយ ក្នុងនោះមានរឿងរ៉ាវរវាងនគរបាលចរាចរណ៍ ជាមួយបណ្ឌិតសភាចារ្យ សុខ ទូច និងករណីលូមួយកង់ថ្លៃ៤០ដុល្លារ។
«សម័យបច្ចេកវិទ្យានេះ ជួនកាលរឿងតូចទេ តែវាអាចទៅជារឿងធំ ពេលខ្លះដោយសារការមិនយល់ច្បាស់លាស់»។ សម្តេច ហ៊ុន ម៉ាណែត បានកត់សម្គាល់យ៉ាងដូច្នេះ ដោយភ្ជាប់រឿងរ៉ាវនគរបាលចរាចរណ៍ ជាមួយលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា រួមទាំងករណីនៅប៉ោយប៉ែត លូ១កង់តម្លៃ៤០ដុល្លារ។
ចំពោះករណីត្រួតពិនិត្យគ្រឿងស្រវឹងនៅចំណុចផ្លូវភ្នំពេញហាណូយ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ប្រមុខរដ្ឋាភិបាល មិនធ្វើការបកស្រាយអ្វីឡើយ។ សម្តេចនិយាយដោយខ្លីជាមួយនឹងស្នាមញញឹមថា៖ «រឿងប៉ូលិស និងឯកឧត្តម សុខ ទូច ទុកឱ្យគេបកស្រាយ ប៉ូលិសគេបកស្រាយ គេធ្វើការងារ ពង្រឹងអីចោះ»។