កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីលួចគ្រប់គ្រងគណនី facebook ហើយបានបន្លំខ្លួនជាម្ចាស់គណនីផ្ញើសារតាមរយៈ facebook messenger ទៅសាច់ញាតិ ឬអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ ដើម្បីធ្វើការឆបោកខ្ចីប្រាក់។ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ១រូប ឈ្មោះ យ.យ ភេទស្រី។ ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានយកគណនីធនាគាររបស់អ្នកស្គាល់គ្នា ដើម្បីទទួលប្រាក់ពីមេខ្លោង ដោយទទួលបាននូវកម្រៃជើងសាររាល់ការទទួលប្រាក់ម្ដងៗ ដែលប្រាក់ទាំងអស់នោះទទួលបានពីការឆបោកក្រោមរូបភាពខាងលើ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាឲ្យឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះសន្ន ដើម្បីស្រាវជ្រាវស្វែងរកមុខសញ្ញាបក្សពួកដទៃទៀត។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបញ្ឈប់រាល់សកម្មភាពផ្ដល់គណនីធនាគារផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃប្រើប្រាស់ ឬគ្រប់គ្រង តាមរយៈការជួលទិញលក់ ឬឲ្យខ្ចីជាដើម ព្រោះអាចប្រឈមនិងបទផ្សំគំនិត និងទទួលផលពីបទល្មើស។
ប្រភព : នាយកដ្ឋានប្រឆាំងបទល្មើសចែកវិទ្យា