កម្លាំងនគរបាល ចុះបង្ក្រាបករណីគ្រឿងញៀននៅខេត្តប៉ៃលិន ដូចភ្លៀងរលឹម តែបង្ក្រាបមិនចេះអស់ ខណៈចាប់បានអ្នកជួញដូរប្រុសស្រីជាច្រើននាក់។ រីឯនៅពេលនេះ មន្ត្រីនគរបាលបង្ក្រាបគ្រឿងញៀន បានដាក់ភ្នាក់ងារសម្ងាត់
ទើបចាប់បានអ្នកប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀនសុទ្ធតែនារីៗវ័យក្មេង ដោយអ្នកខ្លះ ជាបុគ្គលិកកាស៊ីណូ នៅក្បែរច្រកទ្វារអន្តរជាតិព្រំ ។
ជាក់ស្តែងនៅវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការស្រុកសាលាក្រៅ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ថ្នាំញៀន ដោយខុសច្បាប់នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនមានចំនួន០៣នាក់ ៖
ទី១- ឈ្មោះ មាន រ៉ាទី ភេទស្រី អាយុ៣០ឆ្នាំ ជាបុគ្គលិកកាស៊ីណូ។
ទី២- ឈ្មោះ មាន ចន្ថា ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិត ប្រាកដ។
ទី៣- ឈ្មោះ ប៉ង ស្រីល័ក ភេទស្រី ២១ឆ្នាំ មុខរបរមិនពិតប្រាកដ។
ទាំង៣នាក់ខាងលើ ស្នាក់នៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
វត្ថុតាងដែលដកហូតរួមមាន ៖
-ម្សៅក្រាមស ថ្លា សង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់ធំ មានទំង្ងន់៣,៦៩ក្រាម (ថ្នាំសុទ្ធ)
-សម្ភារៈ សម្រាប់ជក់ និងបារីអេឡិចត្រូនិច ចំនួន០៨ដើម ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ លក់ដូរឲ្យអតិថិជន ដែលចូលទៅទិញយ៉ាងពពាក់
ពពូន នៅកន្លែងនោះផងដែរ។ លុះពេលដែលស្ងាត់មនុស្ស មន្ត្រីជំនាញ បានដាក់ភ្នាក់ងារសម្ងាត់ អោយបន្លំខ្លួនចូលទៅរកទិញថ្នាំញៀនពីអ្នកចែកចាយ ដើម្បីរកមើលមុខសញ្ញា និងប្រមូលភ័ស្តុតាងឲ្យនគរបាល រួចហើយ កម្លាំងនគរបាលបានចុះបង្ក្រាបជាក់ស្តែង តែម្តង ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕