ស្វែងយល់ពីដីចំណីផ្លូវ និងលម្អិតពីទោស នៃការរំលោភចំណីផ្លូវ មានទាំងពិន័យជាប្រាក់ និងជាប់ពន្ធនាគារ!


ដីចំណីផ្លូវថ្នល់ សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាព ចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។ នេះបើតាមច្បាប់ស្ដីពី «ផ្លូវថ្នល់» ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤។ 

ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ទោសទណ្ឌនៃការរំលោភចំណីផ្លូវសាធារណៈ បានចែងជាអាទិ៍ មាត្រា៦៤ ជនណាដែលធ្វើកិច្ចការសាធារណការទាំងឡាយនៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គែមផ្លូវ និងដីនៅសល់នៃដីចំណីផ្លូវ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០០ ០០០(ប្រាំសែន)រៀល។

ចំណែក មាត្រា៦៦ ជនណាដែលធ្វើការ្យលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អគារ រោងចក្រ សហគ្រាស ឬកន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ ០០០(ប្រាំម៉ឺន)រៀល។ ករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។ 

មាត្រា៧០ ជនណាដែល ១. រៀបចំសកម្មភាពនិងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់ គ្មានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ១០០ ០០០(មួយសែន) រៀល។ ២. រៀបចំសកម្មភាពនិងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់ គ្មានឬមានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងបណ្តាលឱ្យខូចខាតដោយអចេតនាដល់ផ្លូវថ្នល់ ឬបរិក្ខារផ្លូវថ្នល់ត្រូវតម្រូវឱ្យធ្វើការជួសជុលឡើងវិញឱ្យដូចស្ថានភាពដើម និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤១៩ (បទធ្វើឱ្យខូចខាតផ្សេងទៀត ដោយខ្វះការប្រុងប្រយ័ត្ន ឬការមិនគោរពបទបញ្ជា)នៃក្រមព្រហ្មទណ្ឌ។

មាត្រា៧១ ជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដី សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញនូវសំណង់នោះ។ ក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន)រៀល ទៅ ២ ០០០ ០០០(ពីរលាន)រៀល។ 

មាត្រា៧២ ជនណាដែលសាងសង់សំណង់ផ្សេងៗ ដោយមិនបានគោរពតាមចំណុចទី១ និងចំណុចទី២ នៃមាត្រា៣០ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន)រៀល ទៅ ១ ០០០ ០០០(មួយលាន) រៀល និងតម្រូវឱ្៦រុះរើចេញនូវសំណង់នោះ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ ២ឆ្នាំ និងពិន័យ ជាប្រាក់ពី ១ ០០០ ០០០(មួយលាន)រៀល ទៅ ៤ ០០០ ០០០(បួនលាន)រៀល។

មាត្រា៧៤ ជនណាដែលទន្ទ្រានត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០០ ០០០(មួយសែន)រៀល ទៅ ១ ០០០ ០០០(មួយលាន)រៀល និងតម្រូវឱ្យរុះរើ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០(មួយលាន)រៀល ទៅ ៤ ០០០ ០០០(បួនលាន)រៀល។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនតែងតែធ្វើតាមៗគ្នា ឬតៗគ្នា ដូចជា៖ លក់ដូរ សង់យាប សំណង់រឹងនៅលើចិញ្ចើមផ្លូវ ទន្ទឹមគ្នានោះដែរ ក៏មានប្រជាជនមួយចំនួន យកចិញ្ចើមផ្លូវអាជីវកម្មជាជំនាន់ សម្រាប់ធ្វើអាជីវកម្ម អាហារដ្ឋានរបស់ខ្លួនឯង ដែលទង្វើនេះបានបំពានច្បាប់ស្ដីពីផ្លូវថ្នល់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលថ្មីនេះ បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ រឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍៕ 

កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

អត្ថបទទាក់ទង

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ឆាប់ៗខាងមុខ
« ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » របស់ ចៅ ណន សុខហេង ខេត្តក្រចេះ បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ …
ឯកឧត្តមស សុខា ÷ ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា...
សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុក Poipet Town BMC ថាមានករណីប្លន់កន្លែងវេរលុយនៅដីថ្មី
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាត អារ៉ាប់រួម
សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ឋានន្តរសក្ដិ «វរសេនីយ៍ឯក»
+