បន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៤ រួចមក ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ។ ជាក់ស្ដែង កាល់ពីថ្ងៃទី២៣ កុម្ភៈ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រនៅខេត្តកណ្ដាល ប្រមាណជាង១០០០នាក់ លើមុខជំនាញចំនួន ៥ គឺ ៖ ១.ការដំឡើងអគ្គិសនីក្នុងអាគារ; ២.សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន; ៣.សេវាកម្មកុំព្យូទ័រ; ៤.ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត; និង ៥.ការកែច្នៃបន្លែផ្លែឈើ ។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន១លាន ៥សែន នាក់ គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនីតិកាទី៧ ដើម្បីលើកកម្ពស់ជីវភាពយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ឱ្យចាកចេញពីស្ថានភាពក្រីក្រលំបាកយ៉ាងឆាប់រហ័ស ដោយនឹងក្លាយជាកម្មករជំនាញ អ្នកបច្ចេកទេស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
គូសរំលេចផងដែរថា កាលពីថ្ងៃទី២ វិច្ឆិកា ២០២៣ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ក្នុងការពង្រឹងនូវគុណភាពបណ្តុះបណ្តាល ក៏ដូចជាលើកទឹកចិត្តដល់យុវជនក្នុងការសិក្សា និងបញ្ចប់ការសិក្សាប្រកបដោយគុណភាព និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីអាចបម្រើដល់សេចក្តីត្រូវការនៃទីផ្សារការងារ ដោយកំណត់នូវគោលការណ៍ "ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ" ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់ និងជាការងារអាទិភាពបំផុតសម្រាប់រាជរដ្ឋាភិបាលក្នុងការកសាងនូវធនធានមនុស្សសម្រាប់ជំរុញដល់សេដ្ឋកិច្ចជាតិ ។
កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ គឺជាគោលនយោបាយអាទិភាព២ ក្នុងចំណោម ៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍ដល់យុវជនទទួលបានជំនាញច្បាស់លាស់ និងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ សំដៅក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។
ចំពោះការចូលរៀន សិស្សត្រូវមានអាយុចាប់ពី ១៥ឆ្នាំឡើង ហើយសម្រាប់សិស្សដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានបណ្ណសមធម៌ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ គឺទទួលបានការសិក្សាដោយមិនបង់ថ្លៃ ហើយថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ៕