ព្រះសីហនុ៖ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តព្រះសីហនុ បានប្រកាសសាលក្រមផ្តន្ទាទោសលើខ្មែរម្នាក់ ជនជាតិចិន៦នាក់ ដាក់ពន្ធនាគារម្នាក់ៗ២០ឆ្នាំ ពិន័យជាប្រាក់ម្នាក់ៗ ៤០លានរៀល ពីបទ រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ ៨៧១គីឡូ២០០ក្រាម ប្រភេទកេតាមីន និងបទល្មើស សម្អាតប្រាក់។
យោងតាមប្រភពពី សាលាដំបូងខេត្តព្រះសីហនុ បានឲ្យដឹងថា ជនជាប់ចោទទាំង៦នាក់នោះរួម៖១.ឈ្មោះ ភូ ណា ( PHOU NA ) ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ២.ឈ្មោះ តុង ពូជីង ( DONG BU JUN ) ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិចិន ៣.ឈ្មោះ យ៉ាង ស៉ីថុន ( YAN XI TONG ) ភេទប្រុសអាយុ៥១ ឆ្នាំ ជនជាតិចិន ៤.ឈ្មោះ តុង ជាំងស៉ីន ( DONG JIAN XIN ) ភេទប្រុសអាយុ៧០ ឆ្នាំ ជនជាតិចិន ៥.ឈ្មោះ កូវ ជឺពីង ( GAO ZHI BIN )ភេទប្រុសអាយុ៤៩ ឆ្នាំ ជនជាតិចិន ៦.ឈ្មោះ លី យ៉ុងស៉ីន( LI YONG XIN )ភេទប្រុសអាយុ៤៨ឆ្នាំ ជនជាតិចិន និង៧.ឈ្មោះ ចុង ជៀនលីន ( ZHONG JIAN LIN )ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិចិន ប្រព្រឹត្តនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែសីហា២០២២។
ក្រុមឧក្រិដ្ឋជនទាំង៦នាក់ត្រូវបានរកឃើញថាបានប្រព្រឹត្តខុស តាមមាត្រា៤៨ កថាខណ្ឌទី៦ ចំណុចទី១ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេវរកម្ម។ ក្នុងនោះតុលាការសម្រេចរឹបអូសវត្ថុចាប់យកបានរួមមាន៖ កប៉ាល់១គ្រឿង អូប័រ៥គ្រឿង ទូកឈើ១គ្រឿង រថយន្ត១ គ្រឿង ម៉ូតូ៣ គ្រឿង ប្រាក់ដុល្លារ ៩៥,៦៤៤.៨៦USA ។ចំណែក គ្រឿងញៀនទាំងអស់ សម្រេចរឹបអូសបំផ្លាញចោល។
ដោយឡែក ចំពោះជនជាប់ចោទជនជាតិចិនទាំង៦នាក់ ខាងលើ នឹងត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីអនុវត្តទោសចប់