ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឱ្យយុវសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារចូលជួបសម្តេចនៅភូមិគ្រឹះនាក្រុងតាខ្មៅ ដើម្បីបានសាកសួរ និងផ្តល់ដំបូន្មានមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្លងកាត់ការសន្ទនា សម្តេចពិនិត្យឃើញថា ឪពុក ម្តាយរបស់ផានិត ដែលជាជនពិការទាំងពីរនាក់ ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន និងក្រុមគ្រួសារ។
សម្តេចតេជោ បានបង្ហាញការកត់សម្គាល់ទៀតថា ផានិត ជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។ រីឯប្អូនស្រី របស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា ៣ឆ្នាំខាងមុខ។
សម្តេចតេជោ បានបញ្ជាក់ថា ករណីរបស់ ផានិត ជាករណីពិសេសដែលសម្តេចត្រូវជួយសម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្មពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្មពី ផានិត ដែលរៀននៅភ្នំពេញ។
សូមបញ្ជាក់ថា អន ផានិត ជាយុវសិស្សមកពីគ្រួសារក្រីក្រមួយរូបរស់នៅក្នុងខេត្តកំពត ដែលប្រលងបាននិទ្ទេស A ក្នុងសម័យប្រលងឆ្នាំ២០២៣នេះ។ ដោយឃើញពីស្ថានភាពលំបាកក្នុងគ្រួសារ សម្តេចតេជោ ហ៊ុន សែន បានសម្រេចចិត្តផ្គត់ផ្គង់រាល់ការចំណាយក្នុងសិក្សារបស់យុវជន អន ផានិត។ សម្តេចតេជោ ក៏បានសម្រេចឧបត្ថម្ភថវិកាប្រចាំខែដល់គ្រួសាររបស់ ផានិត ហើយបានជួយសាងសង់ផ្ទះជូនថែមទៀតផង។
ពេលនេះយុវជន អន ផានិត បានប្រលងជាប់ចូលរៀននៅសាលាបច្ចេកវិទ្យាកម្ពុជា ផ្នែកវិស្វករផងដែរ។
ការជួយជ្រោមជ្រែងរបស់សម្តេចតេជោ ទៅលើយុវជន អន ផានិត និងក្រុមគ្រួសារ ជាការស្តែងឱ្យឃើញនូវទឹកចិត្តពោរពេញដោយព្រហ្មវិហារធម៌របស់សម្តេចតេជោ ហ៊ុន សែន។ ករណី អន ផានិត មិនមែនជាលើកទី១នោះឡើយ សម្តេចតេជោ ហ៊ុន សែន បានជួយយុវជនឱ្យទទួលបានឱកាសសិក្សារៀនសូត្រខ្ពង់ខ្ពស់ជាច្រើនករណីមកហើយ៕