ឯកឧត្តមស សុខា ÷ ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា...

ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយសារស្រេចឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្ដី ក៏នោះជាសន្តានស្មោកគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច ក្នុងខណៈប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស គោរពស្រឡាញ់ គាំទ្រ ការពារលោកយ៉ាងច្រើនលើសលប់នោះ និងថែមទាំងហៅលោកថា«សម្ដេចពុកៗ»ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌។

ក្នុងមួយជីវិតរបស់លោក សម្ដេចតេជោ លោកបានលះបង់ភាពជាយុវវ័យ លះបង់ក្រុមគ្រួសារ ប្រើជីវិតធ្វើដើមទុន បណ្ដេញនិងកម្ទេចក្រុមបដិវត្តន៍ពណ៌ខ្មៅ«របបប៉ុលពត» នាំមកវិញនូវសិទ្ធិរស់រានមានជីវិត ស្ដារជីវភាពសង្គម ចាត់ចែងឱ្យមានរបបកម្មសិទ្ធិឯកជន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តក្នុងប្រទេស ទាំងដៃម្ខាងទប់ទល់នឹងការវិលត្រឡប់របស់ខ្មែរក្រហម ដៃម្ខាងជ្រោមសេដ្ឋកិច្ចផង ទប់សម្ពាធនយោបាយការបរទេសផង និងដៃម្ខាងដង្ហើយហៅរកការផ្សះផ្សាបង្រួបបង្រួមជាតិជាមួយភាគីខ្មែរតស៊ូតាមបណ្ដាជាយដែនផង រហូតលេចចេញជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

ជាពិសេសជាងនេះ សម្ដេចបានដាក់ចេញ«នយោបាយឈ្នះ-ឈ្នះ» ដោយប្រើជីវិតធ្វើដើមទុនម្ដងទៀត ចូលទៅកាន់តំបន់គ្រប់គ្រងដោយខ្មែរក្រហម រហូតធ្វើឱ្យកម្ពុជាទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨មកទល់នឹងបច្ចុប្បន្ននេះ។ មិនអាចបដិសេធបានទេ ទំរាំមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ រាជរដ្ឋាភិបាលតែមួយ និងជារដ្ឋពេញលេញស្របច្បាប់ស្មើភាពគ្នាលើឆាកអន្តរជាតិ និងមានការអភិវឌ្ឍជាបន្តបន្ទាប់មកដល់ពេលនេះ ដែលមានសំណង់អគារខ្ពស់ៗ ស្ពានអាកាសឆ្លងផ្លូវ ផ្លូវក្រោមដីឆ្លងថ្នល់ ស្ពានអាកាសសម្រាប់យានយន្តធ្វើដំណើរ និងប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង…ទោះជាមិនដល់កម្រិតមហាអំណាចឬប្រទេសជឿនលឿនដែលគេដើរមុន គេគ្មានសង្គ្រាម តែប្រជាពលរដ្ឋយើងអាចរស់នៅបានសមរម្យថ្លៃថ្នូរ និងបន្តអភិវឌ្ឍទៅមុខទៀត ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។

ជារួម កម្ពុជារីកចម្រើនមកដល់ពេលនេះ កើតចេញពីអគ្គមគ្គុទេសន៍របស់សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀតជាប្រតិបត្តិករ។ ពោលគឺ សម្ដេចតេជោ លោកឆ្លងកាត់១០៥សមរភូមិ ដើម្បីសន្តិភាព បង្រួបបង្រួម ផ្សះផ្សា អភិវឌ្ឍសង្គម និងឆ្លងកាត់គ្រប់រសជាតិជីវិត រហូតពេលខ្លះលោកទទួលទានទឹកមូត្រ«ទឹកនោម»ខ្លួនឯងដើម្បីបន្តជីវិត។ លោកទទួលទានអំបិលច្រើនជាងយើងទទួលទានសាច់គោ។ លោកដើរព្រៃច្រើនជាងយើងដើរឆ្លងផ្លូវកៅស៊ូឬបេតុងក្នុងសម័យសន្តិភាពនេះ។ លោកដើរឆ្លងគ្រោះច្រើនជាងយើងដើរកាត់លាភ។ សម្រាប់ខ្ញុំ ក៏មិនខុសពីជនរួមជាតិកម្ពុជាដ៏ច្រើនលើសលប់ឯទៀតដែរ មើលឃើញ និងតម្កល់គុណូបការៈ សម្ដេចតេជោ ជាបិតាស្ថាបនិកសន្តិភាព បង្រួបបង្រួមផ្សះផ្សាជាតិ តាមនយោបាយ«ឈ្នះ-ឈ្នះ»។ លោកជាអគ្គមគ្គុទេសន៍ស្ដារ និងអភិវឌ្ឍហេដ្ឋាសម្ព័ន្ធរូបវន្តឥតគណនាសម្រាប់ជាតិយើង និងជាអគ្គមគ្គុទេសន៍រក្សាស្ថិរភាពនិងកំណើនសេដ្ឋកិច្ច ជាពិសេសរក្សាលំនឹងជីវភាពប្រជាជន និងសង្គមទាំងមូល។ លោកមិនដែលប្រាសអាយូស និងស៊ូៗមិននឿយនឹងការលំបាក មិនអាត្មានិយម គឺយកប្រជាជននិងជាតិជាត្រីមុខ។

ជាថ្មីម្ដងទៀត យើងទាំងអស់គ្នា ឈរក្នុងស្មារតីរឹងមាំជាកម្លាំងសាមគ្គីធ្លុងមួយ ពូនជ្រុំដាក់ជីស្រោចទឹកថែរក្សាការពារជាប្រចាំថ្ងៃ ដើមឈើដ៏ធំមួយដើមឈ្មោះ«សម្ដេចតេជោសែន»ដើម្បីបន្តផ្ដល់ម្លប់ពោធិ៍ដ៏ត្រជាក់ត្រជុំដល់យើង តាមទស្សនៈសម្ដេច«ពីដើមឈើមួយដើមទៅជាព្រៃ» ដែលសម្ដេចតែងតែប្រមូលផ្ដុំកម្លាំងគ្រប់មជ្ឈដ្ឋានមកផ្ដុំគ្នា មិនឱ្យបែកខ្ញែកបាក់បែកគ្នា តាមទស្សនៈថា«ដើមឈើមួយដើមធំទាល់តែខ្ចីដៃគ្នាឱបទើបជុំ» ខុសពីក្រុមជ្រុលនិយម«មួយទូកត្នោត»។ និយាយឱ្យខ្លី [កំណើតរបស់សម្ដេចតេជោ ជាកំណើតរបស់ប្រជាជន និងប្រទេសជាតិរបស់យើង!]។ សម្ដេចស្រក់ឈាមក្នុងសម័យសង្គ្រាម ដើម្បីសន្តិភាព! លោកស្រក់ញើសក្នុងសម័យសន្តិភាព ដើម្បីជីវភាពប្រជាជននិងសង្គម។ ដូចគ្នាដែរ យើងទាំងអស់គ្នា ប្រើកម្លាំងសរុប មធ្យោបាយសរុប វិធានការសរុប បន្តជ្រោមជ្រែងថែរក្សាការពារផ្ទះថ្មីលើដែនដីចាស់ ដែលមានសរសរកន្លោងដ៏រឹងមាំឈរជ្រែកលះបង់គ្រប់ស្ថានការណ៍ មួយដើមឈ្មោះ«សម្ដេចធិបតី» តាមទស្សនៈ«រួបរួមគ្នាដើម្បីកម្ពុជារុងរឿង»។ យើងទាំងអស់គ្នា ជឿជាក់ គាំទ្រ ថែរក្សាការពារ ជ្រោមជ្រែង សម្ដេចតេជោ សម្ដេចធិបតី! ខ្មែរសាមគ្គីខ្មែរឈ្នះ!
#សសុខា #SarSokha #កម្ពុជា #Cambodia

អត្ថបទទាក់ទង

ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ភ្នំខ្មោច ពាក់ស្បែក ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រីអូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់ របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកបានលើកឡើងថា.....
អនុវត្តតាមគោលការណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ នគរបាលស្រុកលើកដែក ឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ធ្វើកិច្ចសន្យា
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចុះការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ក្នុងពិធីសម្ភោធការជួសជុលថែវប្រាសាទបន្ទាយឆ្មារ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំក្នុងពិធីបុណ្យឆ្លង កាត់ខ្សែបូ ថែវប្រាសាទបន្ទាយឆ្មារ ឆាប់ៗខាងមុខ
« ហាងនំប៉័ងសម្ដេចតាចិត្តធម៌ » របស់ ចៅ ណន សុខហេង ខេត្តក្រចេះ បន្ទាប់ពីបានសម្របសម្រួលបញ្ចប់ជម្លោះរវាង ចៅ ណន សុខហេង អាយុ២២ឆ្នាំរស់នៅក្រុងក្រចេះ ខេត្តក្រចេះ និងថៅកែ ឈ្មោះ គា ចន្ធូ …
+