រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ មន្ត្រីសមត្ថកិច្ចរូបណា ដែលមានក្បាលពោះធំជ្រុល និងមិនអនុញ្ញាតឲ្យចេញធ្វើការនៅខាងក្រៅទៀតនោះទេ ។ នេះបើតាមអ្នកនាំពាក្យរបស់ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤យ៉ាងដូច្នេះថា៖
«ចាប់ពីពេលនេះទៅ មន្ត្រីមានក្បាលពោះធំជ្រុល មិនឱ្យចេញធ្វើការខាងក្រៅទៀតទេ! ជាពិសេសការងារចរាចរណ៍ និងប្រតិបត្តិការនានា ។ ករណីនេះ ទោះមានតិចតួចធៀបនិងកម្លាំងសរុប តែ ឯកឧត្តមអភិសន្តិបណ្ឌិត បានយកចិត្តទុកដាក់ និងផ្ដល់ការរំលឹកណែនាំជារឿយៗ តាំងពីដើមនីតិកាលថ្មី ។
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត លោកបានសង្កត់ធ្ងន់ជាថ្មីទៀត ដោយចេញការណែនាំដូចខ្ញុំបានបង្ហោះផ្សាយ...។
ដោយឡែក ពាក្យថា "ស្តង់ដា" ឯកឧត្តមអភិសន្តិបណ្ឌិត លោកបានតម្រូវពេលនេះ គឺយ៉ាងហោចណាស់ឱ្យបាន "សមរម្យ" គឺសមភ្នែកមហាជន សមនិងអាចអនុវត្តការងារបាន ពោលគឺមិនមែនធំលើតូចក្រោម ឬធាត់ក្បាលពោះធំហួស ដែលចៀសមិនផុតពីការមិនអាចបំពេញការងារបានល្អ និងរហ័សរហួននោះឡើយ។
ឯកឧត្តមអភិសន្តិបណ្ឌិត លោកមិនបិទផ្លូវទេ គឺផ្ដល់ជម្រើសឱ្យហាត់ប្រាណ បន្ថយរបបអាហារមិនត្រឹមត្រូវជាដើម » ។
បើតាមអ្នកនាំពាក្យដដែលបានលើកឡើងទៀតថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានឲ្យអង្គភាព ត្រូវរៀបចំកម្លាំងមានក្បាលពោះធំ ឱ្យធ្វើការក្នុងការិយាល័យ ។ អ្នកចង់ចេញក្រៅ ឬបើមានតម្រូវការចេញប្រតិបត្តិការការងារខាងក្រៅ ត្រូវតែហាត់ប្រាណឱ្យមើលទៅសមរម្យ ៕