ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចំនួន៤ នៅបណ្ឌិតសភានគរបាលកម្ពុជា ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ វគ្គទាំង៤នោះ រួមមាន វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ននិងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាលថ្នាក់ក្រោមជាតិ។

 

យោងតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា វគ្គបណ្ដុះបណ្ដាលទាំង៤នេះ មានសិក្ខាកាមជាមន្រ្តីនគរបាលជាតិ ចូលរួមចំនួន៥០៦នាក់ ក្នុងនោះសិក្ខាកាមទទួលបានជ័យលាភីមានជាង៤០០នាក់ ដោយសាលាបានធ្វើមូលវិចារអំពីការគោរពវិន័យរបស់សិក្ខាកាមម្នាក់ គោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ជូនអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានធនធានមនុស្សផងដែរ។

តំណាងសិក្ខាកាមជ័យលាភី បានឡើងគោរពថ្លែងអំណរគុណសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលផ្ដល់គោលការណ៍និងដឹកនាំឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញទាំង៤ និងបានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ គោរពអនុវត្តតាមបទបញ្ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត អនុវត្តវិន័យនគរបាលជាតិកម្ពុជា និងបន្តស្វ័យសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រីកចំណេះដឹងបម្រើការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា ជាការពិតការអប់រំបណ្ដុះបណ្ដាលបង្កើនចំណេះដឹង និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនេះ គឺត្រូវតែធ្វើគ្មានទីបញ្ចប់ ពោលគឺបុគ្គលម្នាក់ៗត្រូវតែបន្តសិក្សាស្រាវជ្រាវ ទាំងទ្រឹស្ដី និងបទពិសោធបន្ថែម ភ្ជាប់នឹងការងារជាក់ស្ដែង ដើម្បីធានាប្រសិទ្ធភាពការងារ និងភាពជោគជ័យរបស់អង្គភាព ស្របតាមការវិវត្តរីកចម្រើនរបស់សង្គម វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា។

ភ្ជាប់ទៅនឹងការវិវត្តន៍នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកការងារសន្តិសុខថាជាតួនាទីស្នូលដ៏សំខាន់ ពីព្រោះបញ្ហានេះពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គមជាតិ ខណៈបណ្ដាប្រទេសកាន់តែច្រើនឡើងៗ បាននឹងកំពុងប្រឈមនឹងបញ្ហាអសន្តិសុខ ក្នុងនោះក៏មានការបង្កឡើងដោយអ្នកនយោបាយប្រឆាំងនិងក្រុមឧទ្ទាមផងដែរ។

នៅកម្ពុជា ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងថា ក្រុមប្រឆាំងជ្រុលនិយម បានប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនលើកមកហើយ ប៉ុន្តែបានបរាជ័យដោយសារកិច្ចប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្ក្រាបប្រកបដោយការទទួលខុសត្រូវរបស់សមត្ថកិច្ច និងការចូលរួមការពារសុខសន្តិភាពយ៉ាងច្រើនលើសលុបពីប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់រាល់ការប៉ុនប៉ងបង្កអសន្តិសុខដើម្បីធ្វើជាឈ្នាន់ប្រជែងអំណាចតាមវិធីក្រៅច្បាប់របស់ក្រុមជ្រុលនិយម។

ភ្ជាប់នឹងការងារសន្តិសុខនេះដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងថ្កោលទោសចំពោះការប៉ុនប៉ងធ្វើឃាតបេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ម្ដងហើយម្ដងទៀត និងបានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម ពីព្រោះជាក់ស្ដែងណាស់ សហរដ្ឋអាមេរិក តែងតែកើតមានអំពើបាញ់ប្រហារឃោរឃៅ រហូតថ្មីៗនេះមានទាំងការប៉ុនប៉ង់សម្លាប់អតីតប្រធានាធិបតី និងក៏ជាបេក្ខជនប្រធានាធិបតី ដោយសារតែភាពជ្រុលនិយមខាងនយោបាយ។

ដោយឡែក ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលមន្រ្តីនរបាលជាតិ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ត្រង់មុំធនធានមនុស្ស នេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបង្ហើបឱ្យដឹងថាសព្វថ្ងៃ មានមន្រ្តីនគរបាលកម្ពុជា៨រូបកំពុងសិក្សានៅប្រទេសតួកគី ដែលចំនួននេះនឹងកើនឡើងទ្វេដងនៅឆ្នាំបន្ទាប់ ប្រសិនបើនគរបាលទាំងនោះសិក្សាបានលទ្ធផលល្អ ជាពិសេសមានការគោរពវិន័យបានត្រឹមត្រូវ៕ 

អត្ថបទទាក់ទង

តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩) ទំហំ ៧៣៨.៥៤ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
ឃាត់បានរថយន្តសណ្តោងធន់ធំមួយគ្រឿង ដែលដឹកឈើបួន សន្លឹកធំៗនៅទឹកដីស្រុកសំឡូត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្កើតគណៈកម្មការចំពោះកិច្ចស៊ើបអង្កេតករណីចំណាត់ការនីតិវិធីរបស់សាលាដំបូងខេត្តស្ទឹងត្រែង និងពន្ធនាគារខេត្តស្ទឹងត្រែងដោះលែងជនជាតិចិន ៨នាក់
+