ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញ្ញ និងធានានិរន្តភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសព័ត៌មានប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញ្ញ និងធានានិរន្តភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ 

 

ក្នុងសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ បានលើកឡើងថា ប៉ុន្មានថ្ងៃនេះ គណបក្សនយោបាយខ្លះបាននិងកំពុងធ្វើសកម្មភាពបង្ខិតបង្ខំឱ្យសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យបោះឆ្នោតជូនគណបក្សនយោបាយដែលខ្លួនតម្រូវ ហើយបានគម្រាមកំហែងដល់អ្នកបោះឆ្នោតទាំងនោះថា «បើនរណាមិនបោះឆ្នោតឱ្យគណបក្សដែលខ្លួនណែនាំនោះទេ អ្នកមានសិទ្ធិបោះឆ្នោតទាំងនោះ និងត្រូវប្រឈមនឹងការបណ្ដេញចេញពីសមាជិកគណបក្ស និងដកតួនាទីពីសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាដើម។

ក្រសួងមហាផ្ទៃបានបញ្ជាក់ថា យោងតាម មាត្រា៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានកំណត់ឱ្យការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា ត្រូវធ្វើឡើងដោយអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។ ហេតុនេះ ការបង្ខិតបង្ខំ គំរាមកំហែង ដល់អ្នកបោះឆ្នោត ជាការរំលោភបំពានដល់សិទ្ធិសេរីភាពរបស់អ្នកបោះឆ្នោតនៅក្នុងការសម្រេចចិត្តបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភាដែលធានាការពារដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។

ម៉្យាងទៀតសកម្មភាពទាំងនេះ ធ្វើឱ្យចលាចលដល់អ្នកបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានតួនាទីធានានូវការគ្រប់គ្រង និងរៀបចំដំណើរការប្រព្រឹត្តទៅនៃរដ្ឋបាល ឃុំ សង្កាត់ នីមួយៗ ដើម្បីដោះស្រាយបញ្ហា និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលបានកំណត់ដោយច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ការគំរាមកំហែងដល់អ្នកបោះឆ្នោត ជាអំពើដែលត្រូវផ្តន្ទាទោសតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលចែងកំណត់ដោយច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តភាពនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានានូវដំណើរការរដ្ឋបាល នៃរដ្ឋបាលឃុំ សង្កាត់ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រសួងមហាផ្ទៃ បានប្រកាសប្រឆាំងដាច់ខាតនូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងសូមលើកទឹកចិត្តដល់អ្នកបោះឆ្នោតទាំងឡាយឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតខាងលើនេះស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ការផ្លាស់ប្តូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃតែងធ្វើការអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តមានជាធរមាន។

ក្រសួងមហាផ្ទៃ អំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយចៀសវាងនូវការធ្វើសកម្មភាពគំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ៕

 

អត្ថបទទាក់ទង

អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ៖ មន្ត្រីនគរបាល ដែលមានក្បាលពោះធំជ្រុល អាចនឹងមិនអនុញ្ញាតធ្វើការខាងក្រៅទៀតទេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩) ទំហំ ៧៣៨.៥៤ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
+