ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឱ្យមានទំនួលខុសត្រូវខ្ពស់ លើការអនុវត្តមុខងារវិស័យអប់រំ ដែលរាជរដ្ឋាភិបានបានផ្ទេរមក

បាត់ដំបង៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានមានប្រសាសន៍ថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន មានទំនួលខុសត្រូវដោយផ្ទាល់ និងច្បាស់លាស់លើការផ្តល់សេវាជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌ ខណៈកន្លងមក ការងារនេះស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រង និងចាត់ចែងរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍បែបបទ និងនីតិវិធីសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារក្នុងវិស័យអប់រំ យុវជននិងកីឡា ដែល បានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ រៀបចំនៅក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល សម្រេចផ្ទេរថវិកាភ្ជាប់ដោយលក្ខខណ្ឌ ប្រមាណជាង ៤០០លានដុល្លារ ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ប្រើប្រាស់សម្រាប់ដំណើរការគ្រឹះស្ថានបឋមសិក្សា មត្ដេយ្យសិក្សា និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ស្របពេលក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងមុខងារសាធារណៈ ក៏ត្រៀមផ្ទេរបុគ្គលិកអប់រំជាគ្រូបង្រៀនប្រមាណ ៦០.០០០នាក់ ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗជាអ្នកគ្រប់គ្រង និងចាត់ចែងផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្តថា ភាពជោគជ័យ នៃការអនុវត្តមុខងារដែលបានផ្ទេរទៅនេះ គឺអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង និងចាត់ចែងរបស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌនីមួយៗ ពីព្រោះមុខងារដែលបានផ្ទេរមកនេះ គឺជា មុខងារជាកាតព្វកិច្ច ដែលមានន័យថា ចាំបាច់ត្រូវតែអនុវត្ត និងក៏ជាមុខងារដែលមានថវិកាប្រើប្រាស់ច្បាស់លាស់ ដោយមិនអាចបង្វែថវិកាទាំងនោះយកទៅប្រើប្រាស់ក្នុងវិស័យផ្សេងបានឡើយ។ ប្រសិនបើមានបញ្ហាប្រឈមណាមួយ ប្រមុខក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌនីមួយៗ ពិគ្រោះយោបល់ ឬសុំយោបល់ពីមន្ទីរអប់រំ យុវជន និងកីឡា ឬមន្ទីរពាក់ព័ន្ធនានា ឬក្រសួងពាក់ព័ន្ធនៅថ្នាក់ជាតិដើម្បីជួយគាំទ្របន្ថែម។

សម្រាប់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីអភិសន្តិបណ្ឌិត ស សុខា ជោគជ័យនៃការធ្វើវិមជ្ឈការវិស័យអប់រំ យុវជន និងកីឡា មួយនេះ គឺជាផ្នែកនៃជោគជ័យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដ្បិតរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងប៉ិនប្រសប់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យក ការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពទី១ និងជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព ដែលទាមទារចាំបាច់បំផុតនូវការជំរុញ ពង្រឹង និងលើកកម្ពស់គុណភាពអប់រំ ចាប់ពីកម្រិតមូលដ្ឋានឡើងទៅ។

រាជរដ្ឋាភិបាល បានអនុវត្តសាកល្បង និងដកបទពិសោធមុនគេនូវការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ចាប់ពីឆ្នាំ២០២០មក។

ផ្អែកតាមការសិក្សាវាយតម្លៃដោយក្រុមការងារអន្តរក្រសួង ធ្វើឡើងកាលពីឆ្នាំ២០២៣ បានបង្ហាញថាការអនុវត្តយន្តការមួយនេះ ទទួលបានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់។ ផ្អែកលើលទ្ធផល នៃការអនុវត្ដសាកល្បងនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចពង្រីកការផ្ទេរនេះទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសចាប់ពីឆ្នាំ២០២៤ នេះតទៅតែម្ដង៕

អត្ថបទទាក់ទង

អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ៖ មន្ត្រីនគរបាល ដែលមានក្បាលពោះធំជ្រុល អាចនឹងមិនអនុញ្ញាតធ្វើការខាងក្រៅទៀតទេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩) ទំហំ ៧៣៨.៥៤ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
+