មន្ត្រីជាន់ខ្ពស់លោក គឹម ជាតិ ជ្រុះតំណែងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ លោក គឹម ជាតិ បានរបូតតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី១៥ខែធ្នូឆ្នាំ២០២៣។ ការបញ្ចប់មុខតំណែងរបស់លោក គឹម ជាតិ ធ្វើឡើងទន្ទឹមនឹងសំណុំរបស់លោកស្ថិតនៅក្នុងដៃអគ្គស្នងការនគរបាលជាតិពាក់ព័ន្ធនឹងការជំរិតទារប្រាក់១០ម៉ឺនដុល្លារ អំឡុងពេលចុះត្រួតពិនិត្យឃ្លាំងស្រាមួយកន្លែងកាលពីខែវិច្ឆិកាជាថ្នូរមិនបិទផ្អាកអាជីវកម្ម។

ថ្លែងនៅថ្ងៃទី១៦ធ្នូនេះលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា បើទោះបីជាលោក គឹម ជាតិ ត្រូវបានបញ្ចប់មុខតំណែងជាអនុរដ្ឋលេខាធិការក៏ដោយ ដំណើរការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌរបស់លោក គឹម ជាតិ នៅតែដំណើរការ។ បើតាមលោក ទូច សុខៈ សំណុំរឿងលោក គឹម ជាតិ ត្រូវការពេលវេលាក្នុងការស៊ើបអង្កេតឲ្យបានដិតដល់ជាមួយនឹងការប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ឲ្យស្របតាមនីតិវិធីច្បាប់ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលា​ការ។

ប៉ុន្តែយ៉ាងណាមិញអ្នកនាំពាក្យរងរូបនេះសន្និដ្ឋានថា  ការបញ្ចប់មុខតំណែងលោក គឹម ជាតិ អាចដោយសារគេរកឃើញបុគ្គលរូបនេះបានប្រព្រឹត្តកំហុសផ្នែករដ្ឋបាលដូចជាៈ ការរំលោភអំណាច បំពេញការងារមិនតាមឋានានុក្រមដែលមិនស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ។ ម្ល៉ោះហើយទើបមានសំណើស្នើសុំបញ្ចប់មុខតំណែង លោក គឹម ជាតិ ទៅកាន់ព្រះមហាក្សក្សត្រ។

គួរជម្រាបជូនថា លោក គឹម ជាតិ អនុប្រធានគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយ ត្រូវមេធាវីតំណាងម្ចាស់អាជីវកម្មប្ដឹងក្នុងសំណុំរឿងទារប្រាក់១០ម៉ឺនដុល្លារជាថ្នូរមិនបិទផ្អាកអាជីវកម្ម ក្នុងពេលចុះត្រួតពិនិត្យក្រុមហ៊ុនស្រា។ ក្នុងពាក្យបណ្ដឹងមេធាវីក៏បានចោទក្រុមលោកគឹម ជាតិ ពីការដកហូតស្រាចំនួន៤៨ដបយកទៅត្រួតពិនិត្យផងដែរ។  

ជុំវិញការបញ្ចប់មុខតំណែងរបស់លោក គឹម ជាតិ ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលបណ្ដាលមកពីកំហុសអំឡុងពេលបំពេញការងារទទួលបានការស្វាគមន៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គម ជាមួយនឹងសំណូមពរយ៉ាងទទូចបើកការស៊ើបអង្កេតសំណូកសូកប៉ាន់ករណីផ្សេងទៀតដែលវាក្លាយជាទម្លាប់របស់មន្ត្រីអនុវត្តច្បាប់មួយចំនួន។ ជាក់ស្ដែងករណីនាំចូលសាច់បង្កកដល់កណ្ដាលក្រុងនាពេលថ្មីៗនេះជាដើម៕ -rfi-

អត្ថបទទាក់ទង

អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ៖ មន្ត្រីនគរបាល ដែលមានក្បាលពោះធំជ្រុល អាចនឹងមិនអនុញ្ញាតធ្វើការខាងក្រៅទៀតទេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩) ទំហំ ៧៣៨.៥៤ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
+