បេក្ខជនជាច្រើនមកដាក់ពាក្យប្រឡងប្រជែង យកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីបណ្ដុះបណ្ដាល ឱ្យក្លាយជានាយនគរបាលបន្តវេន

ភ្នំពេញ៖ សកម្មភាពនៃដំណើរការផ្តល់ពាក្យថ្ងៃទី១១ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ដល់បេក្ខជនសម្រាប់ប្រឡងប្រជែង យកអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជាដើម្បីបណ្ដុះបណ្ដាល ឱ្យក្លាយជានាយនគរបាលបន្តវេន ។

ដោយមានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលនិងក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដំណើរការផ្តល់ពាក្យប្រឡងដល់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងប្រជែងយកអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល សិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីបណ្ដុះបណ្ដាល ឱ្យក្លាយជានាយនគរបាលបន្តវេន។ និស្សិតអាហារូបករណ៍ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល នឹងត្រូវបាន តាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

នៅថ្ងៃទី១១ ទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារផ្ដល់ពាក្យនិងទទួលពាក្យប្រឡងរបស់ គណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបការណ៍ ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលរបស់ ក្រសួងមហាផ្ទៃ បានរៀបចំផ្ដល់ពាក្យដល់បេក្ខជន នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ក្រុមការងារផ្ដល់ពាក្យដែលមានសមាសភាពចំណុះមកពីអគ្គនាយកដ្ឋានធនធានមនុស្ស និងបណ្ឌិត្យ សភានគរបាលកម្ពុជា បានផ្ដល់ពាក្យដល់បេក្ខជនរួមមាន៖

- សម្រាប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មាន៦ខេត្ត រួមមានខេត្តកំពង់ធំ សៀមរាប ព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងប៉ៃលិន

- សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ មាន៦ខេត្ត រួមមានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនៈគីរី។

ការផ្តល់ពាក្យនឹងធ្វើជាបន្តបន្ទាប់សម្រាប់តាមការជូនដំណឹង

ដើម្បីទទួលបានពាក្យប្រឡង ក្រុមការងារត្រូវវាយតម្លៃ ដូចខាងក្រោម៖

១-ការវាស់កម្ពស់ (បុរសកម្ពស់ចាប់ពី ១.៧០ម៉ែត្រឡើង នារីកម្ពស់ចាប់ពី ១.៦០ម៉ែត្រឡើង )។

២-ការថ្លឹងទម្ងន់ (ទម្ងន់ត្រូវសមាមាត្រនឹងកម្ពស់)។

៣-ការពិនិត្យលើឯកសារពាក់ព័ន្ធ។

៤-ការធ្វើតេស្តកាយសម្បទារួមមានភ្នែក ដំណើរ សំឡេង ស្លាកស្នាម និងអវៈយវៈ

៥-ការធ្វើតេស្តលើសមត្ថភាពរាងកាយ តាមរយៈការរត់ចម្ងាយ ៨០០ម៉ែត្រ (៤នាទីសម្រាប់បុរស និង៥នាទី សម្រាប់នារី)ដើម្បីពិនិត្យទៅលើសុខភាព ស្ងួត និងបេះដូង។

៦-ការធ្វើតេសភាសាអង់គ្លេសបន្ថែមសម្រាប់បេក្ខជនជ្រើសរើសជំនាញភាសាអង់គ្លេសសម្រាប់កិច្ចការ នគរបាល។

សូមបញ្ជាក់ជូនថាបេក្ខជនដែលបានឆ្លងកាត់ដំណាក់កាលខាងលើដោយជោគជ័យ ទើបអាចទទួល ពាក្យប្រឡងបាន។

គួរកត់សម្គាល់ឱ្យឃើញថា ចាប់ពីឆ្នាំ២០១៩មក ក្រសួងមហាផ្ទៃបានជ្រើសរើសបេក្ខជនពីក្នុង ចំណោម យុវជននិងយុវនារី ដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យចូលសិក្សាថ្នាក់បរិញ្ញបត្រវិទ្យាសាស្ត្រ នគរបាលរយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា តាមរយៈការត្រួតពិនិត្យកាយសម្បទា គ្រប់ជ្រុងជ្រោយនិងការប្រឡងប្រជែងយ៉ាងតឹងតែង។ នេះជាសក្ខីភាពបង្ហាញអំពីការធ្វើកំណែទម្រង់លើការ ជ្រើសរើសនិស្សិតឱ្យចូលរៀន ស្របតាមឧត្ដមានុវត្តអន្តរជាតិនៃបណ្ដាប្រទេសជឿនលឿននានា ដើម្បី ជ្រើសរើសបេក្ខជនមានលក្ខណសម្បត្តិសមស្របមកធ្វើការបណ្ដុះបណ្ដាលឱ្យក្លាយជានាយនគរបាលបន្តវេនប្រកបដោយសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ ក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។

រហូតមកដល់ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជាបានបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រកំណែទម្រង់ ថ្មីនេះ ចំនួន៥ជំនាន់រួចមកហើយ ចាប់តាំងពីជំនាន់ទី១១ដែលនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២៤ហើយ កំពុង ធ្វើការជ្រើសរើសនិស្សិតជំនាន់ទី១៥ នៅឆ្នាំ២០២៣នេះ។ ការបណ្ដុះបណ្ដាលតម្រូវឱ្យនិស្សិតសិក្សា រយៈពេល ៤ឆ្នាំ ដោយបានផ្ដោតលើជំនាញសំខាន់ៗ រួមមាន ជំនាញសន្តិសុខ គ្រប់គ្រងនិងដឹកនាំបញ្ជា សណ្តាប់ធ្នាប់ សាធារណៈ ស៊ើបអង្កេតព្រហ្មទណ្ឌ ប្រឆាំងបទល្មើសបច្ចេកវិទ្យា អន្តោប្រវេសន៍ អត្តសញ្ញាណកម្ម និង ភាសាអង់គ្លេសសម្រាប់កិច្ចការនគរបាល។

ក្រោយពេលបញ្ចប់ការសិក្សា និស្សិតជ័យលាភីត្រូវតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បំពាក់ឋានន្តរសក្ដិអនុសេនីយ៍ត្រីនិងត្រូវចាត់តាំងឱ្យទៅបម្រើការងារនៅតាមអង្គភាពនគរបាលនានាទូទាំងប្រទេស៕

អត្ថបទទាក់ទង

អ្នកនាំពាក្យ​ឯកឧត្តម​អភិ​សន្តិ បណ្ឌិត ៖ មន្ត្រីនគរបាល ដែលមានក្បាលពោះធំជ្រុល អាចនឹងមិនអនុញ្ញាតធ្វើការខាងក្រៅទៀតទេ
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវឱ្យកងកម្លាំង អាជ្ញាធរគ្រប់ថ្នាក់ បន្តយកចិត្តទុកដាក់លើតួនាទីធានាការពារសន្តិសុខក្នុងសង្គម
តំបន់ទ្រនាប់នៃដែនព្រៃលិចទឹក តំបន់២ (ទីតាំងទី៩) ទំហំ ៧៣៨.៥៤ហិកតា ត្រូវបានចុះបញ្ជីជាដីសាធារណៈរបស់រដ្ឋ
ក្រុមបក្សប្រឆាំង ងាកមកគាំទ្ររដ្ឋាភិបាលស្របច្បាប់
សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានចាត់ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាំយកអង្ករដែលជាអំណោយរបស់សម្ដេច និងលោកជំទាវបណ្ឌិតជូនដល់កងពលតូចថ្មើរជើងលេខ៥២
ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានរបស់ទូរទស្សន៍ថៃ
សត្វថ្លែនខាំមនុស្សស្លាប់ម្នាក់ទៀតហើយ នៅខេត្តមណ្ឌលគិរី    
+