រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឯកឧត្តម ហ៊ុន ម៉ានី បានប្ដេជ្ញាពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ។ សេចក្តីប្រកាសប្ដេជ្ញាចិត្តរបស់លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងមុខងារសាធារណៈជិត១ពាន់នាក់នៅព្រឹកថ្ងៃទី២៨ខែសីហានេះ។
ការកែទម្រង់ស្ថាប័ន ការពង្រឹងធនធានមនុស្សឱ្យមានប្រសិទ្ធភាព ការពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ មិនត្រឹមតែជាចំណុចស្នូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ឡើយ។ ចំណុចទាំងនេះគឺជាចក្ខុវិស័យរបស់លោកនាយករដ្ឋមន្ត្រីផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ដែលបានប្រកាសថា លោកនឹងប្តេជ្ញាអនុវត្តចក្ខុវិស័យរបស់លោកនាយករដ្ឋមន្ត្រីនេះ។ លើសពីនេះ ដោយសារតែ ក្រសួងមុខងារសាធារណៈ ត្រូវដើរជាតួនាទីស្នូលនៃកំណែទម្រង់នេះ លោករដ្ឋមន្ត្រី អំពាវនាវដល់មន្ត្រីក្រោមឱវាទចូលរួមជាមួយលោក។
នៅចំពោះមុខថ្នាក់ដឹកនាំ និងមន្ត្រីដែលឡើងមកពីបណ្ដាខេត្តផងនោះ លោក ហ៊ុន ម៉ានី ថ្លែងយ៉ាងដូច្នេះ៖« ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ផ្តោតលើកំណែទម្រង់ និងពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ វ័យឆ្លាត និងស្អាតស្អំ។ ខ្ញុំស្នើសុំថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងមុខងារសាធារណៈ សូមផ្តល់ជំនឿទុកចិត្តក្នុងការដឹកនាំរបស់ឯកឧត្តមគិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។»