ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦

នៅថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបព្រឹត្តិការណ៍សំខាន់ៗប្រចាំសប្តាហ៍៖

ទី១៖ ពិធីអបអរសាទរខួបលើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានប្រារព្ធឡើងនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អ៊ិច១៦ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីរបស់សម្តេចពិជ័យសេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ការប្រារព្ធទិវានេះធ្វើឡើងក្នុងស្មារតីសម្តែងការចងចាំជានិច្ចចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តម និងវីរភាពដ៏អង់អាចក្លាហានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងវីរកម្មាភិបាល វីរយុទ្ធជន យុទ្ធនារី ប្រជាជន និងអ្នកស្នេហាជាតិដែលបានធ្វើមហាពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងសមរភូមិដើម្បីរំដោះជាតិមាតុភូមិចេញពីកណ្ដាប់ដៃនៃរបប ប៉ុល ពត។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលកូនខ្មែរត្រូវចងចាំគឺ៖ ពីការសម្រេចចិត្តចេញដំណើរឆ្ពោះទៅរំដោះជាតិនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតដល់ការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ ទម្រាំឈានដល់ការរំដោះប្រទេសចេញពីរបបវាលពិឃាតបាននៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាដំណាក់កាលដែលពោរពេញដោយគ្រោះថ្នាក់ដែលទាមទារភាពអង់អាចក្លាហាននិងការលះបង់ខ្ពស់បំផុត ពោលគឺត្រូវដាក់ជីវិតធ្វើដើមទុនដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ រឿងរ៉ាវបែបនេះដែលគេធ្លាប់លឺតែក្នុងរឿងព្រេងនិទាន ប៉ុន្តែវាជារឿងពិតដែលកើតមានជាក់ស្តែងនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរបេសកកម្មរបស់ថ្នាក់ដឹកនាំរៀមច្បងនៃយើង ក៏មិនមែនបញ្ចប់ត្រឹមការរំដោះជីវិតនោះដែរ ប៉ុន្តែការស្តារប្រទេសឡើងវិញពីគំនរផេះផង់ ពីឆ្អឹងភ្នំ ស្ទឹងឈាម និងសមុទ្រទឹកភ្នែក ដែលជាកាកសំណល់នៃភ្លើងសង្គ្រាមនិងការបែកបាក់ជាតិ រាប់ទសវត្សរ៍ រហូតនាំប្រទេសឱ្យស្គាល់សុខសន្តិភាពពេញលេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលបើកឱកាសឱ្យកម្ពុជាស្គាល់ការអភិវឌ្ឍរីកចម្រើនក្នុងសម័យទំនើបដូចបច្ចុប្បន្ន គឺជាដំណាក់កាលដ៏លំបាកលំបិនមួយទៀត ដែលមិនមែននរណាក៏អាចធ្វើបាននោះឡើយ តែវាជាលទ្ធផលដែលកើតចេញពីការលះបង់ខ្ពស់បំផុត និងការដឹកនាំប្រកបដោយបញ្ញាញាណ ទាំងនៅក្នុងក្របខណ្ឌនយោបាយជាតិ និងលើឆាកអន្តរជាតិ។ នេះហើយជាព្រឹត្តិការណ៍ដែលកូនខ្មែរគ្រប់រូបត្រូវចងចាំសច្ចៈធម៌ប្រវត្តិសាស្ត្រអតីតកាល និងចងចាំនូវការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំរៀមច្បង ទម្រាំមានអ្វីៗដូចសព្វថ្ងៃ។

ទី២៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជំទាស់ជាផ្លូវការនឹងកងកម្លាំងប្រដាប់អាវុធថៃដែលបានលើកដងទង់ជាតិនិងបង្ហូតទង់ជាតិថៃនៅក្នុងទឹកដីកម្ពុជានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងការដុតបំផ្លាញឃ្លាំងមួយស្ថិតនៅក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន Royal O Smach ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យដែលបច្ចុប្បន្នស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ។ កម្ពុជាក៏បានតវ៉ាជំទាស់នឹងការសាងសង់របងបេតុងនៅក្នុងតំបន់ប្រាសាទតាក្របី ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដែរ។

រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា នេះជាការរំលោភយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដូចដែលបានកំណត់ដោយផែនទីខ្នាត ១:២០០.០០០ ផលិតដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ សកម្មភាពទាំងនេះផ្ទុយនឹងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងខ្លឹមសារនិងស្មារតីនៃមាត្រា៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជានិងថៃ ហើយកម្ពុជាមិនទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនណាមួយដែលបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ឬការទាមទារទឹកដីដោយឯកតោភាគី ពីសំណាក់ប្រទេសថៃនោះឡើយ។

ទន្ទឹមនឹងនេះ គណៈកម្មការ JBC ភាគីកម្ពុជា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានផ្ញើកំណត់ទូតថ្មីមួយទៀត ដោយស្នើឱ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែងឱ្យបានឆាប់បំផុត។ កំណត់ទូតថ្មីនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មការ JBC ភាគីកម្ពុជាបានបញ្ជូនកំណត់ទូតជាច្រើនលើករួចមកហើយទៅកាន់គណៈកម្មការ JBC ភាគីថៃ ប៉ុន្តែភាគីថៃបានស្នើសុំលើកពេលជាបន្តបន្ទាប់ក្រោមហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។

ប្រភព: អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អត្ថបទទាក់ទង

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេច ចាត់តាំងលោក ផៃ ប៊ុនឈឿន ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន
សាស្ដ្រាចារ្យ មហាបរិញ្ញា ហ៊ុន ចំរើន ត្រូវបានរាជរដ្ឋាភិបាល សម្រេចតែងតាំងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត
គ.ជ.បលុបឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រនិងបេក្ខជនតំណាងរាស្ដ្រគណបក្សហ្វ៊ុនស៊ិនប៉ិចចេញពីមណ្ឌល២
ឧកញ៉ា សុខ ចំរើន សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះឯកឧត្តម សាយ សំអាល់ ដែលត្រូវបានតែងតាំងជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់នីតិកាលទី៧
រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសឲ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១»
ឯកឧត្តម ជួន ណារិន្ទ​ និង ឯកឧត្តមស រដ្ឋា ឡើងជាអគ្គស្នងការរងនគរបាលជាតិ
ឯកឧត្តមទៀ សីហា និង ឯកឧត្តមស សុខា ឡើងឋានន្តរស័ក្កិជា នាយឧត្តមសេនីយ៍
+