វ៉ាស៊ីនតោន)៖ លោក Yevgeny Prigozhin ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលរុស្ស៉ី ត្រូវបានរាយការណ៍ថាមានឈ្មោះក្នុងបញ្ជីឈ្មោះនៃអ្នកដំណើរដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះឯកជនមួយនៅឯតំបន់ Tver នៃប្រទេសរុស្ស៉ី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។ ប្រសិនបើដំណឹងមរណភាពនេះ គឺជាការពិតមែន នោះវានឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ អនាគតរបស់ Wagner និងគោលនយោបាយការបរទេសរុស្ស៉ី តួយ៉ាងនៅក្នុងតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។
* តើគេដឹងអ្វីខ្លះពីហេតុការណ៍ធ្លាក់យន្ដហោះ និងអ្នកដំណើរ?
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៉ី បានអះអាងថាលោក Prigozhin និងមេបញ្ជាការរបស់ Wagner ម្នាក់គឺលោក Dmitry Utkin បានបាត់ជីវិត នៅពេលដែល យន្ដហោះ Embraer Legacy 600 មួយគ្រឿងដែលចុះឈ្មោះលោក Prigozhin ជាម្ចាស់កម្មសិទ្ធិបានធ្លាក់នៅក្បែរភូមិ Kuzhenkino នៃតំបន់ Tver របស់រុស្ស៉ី។ ជាមួយគ្នានោះដែរ បើតាមក្រសួងសេវាសង្រ្គោះបន្ទាន់របស់រុស្ស៉ី បញ្ជីឈ្មោះអ្នកដំណើរទាំង ៧នាក់ដែលក្នុងនោះមានទាំងឈ្មោះលោក Prigozhin និងលោក Utkin ផងនោះ រួមទាំងសមាជិកពីឡុតបើកយន្ដហោះចំនួន ៣នាក់ ត្រូវបានសន្មត់ថាគ្មាននរណាម្នាក់នៅរស់រានមានជីវិត នោះទេ។ ប៉ុន្តែការបញ្ជាក់នេះមិនទាន់អាចត្រូវបានផ្ទៀងផ្ទាត់ ឬមានការទទួលស្គាល់ជាផ្លូវការដោយឯករាជ្យថាលោក Prigozhin និងលោក Utkin ពិតជាជិះនៅលើយន្ដហោះដែលបានធ្លាក់ ដែរឬក៏យ៉ាងណានោះទេ?